ខែ​វិច្ឆិកា 14, 2023

អ្វី​ទៅគឺជាការ​បង្ក​កំណើត​ក្រៅ​ស្បូន​?

ការបង្ករកំណើតក្រៅស្បូន(IVF)គឺជាការដាក់បញ្ចូលគ្នានៃស៊ុត(ពងញី)ស្ត្រី និងមេជីវិតឈ្មោលរបស់បុរសនៅក្នុងបន្ទប់មន្ទីរពិសោធន៍។​ In Vitroមានន័យថានៅខាងក្រៅរាងកាយ។ Fertilizationមានន័យថាមេជីវិតឈ្មោលត្រូវបានចាក់ចូលទៅក្នុងស៊ុត។

ការពិពណ៌នា

ជាធម្មតា ស៊ុត និងមេជីវិតឈ្មោលត្រូវបានបង្ករកំណើតនៅក្នុងខ្លួនស្ត្រី។ ប្រសិនបើស៊ុតបង្ករកំណើតជាប់និងស្រទាប់ខាងក្នុងនៃស្បូន ហើយបន្តលូតលាស់ ទារកនិងកើតប្រហែល9ខែបន្ទាប់។ដំណើរការនេះត្រូវបានគេហៅថា ធម្មជាតិ រឺមិនមានជំនួយ។

ការបង្ក​កំណើត​ក្រៅ​ស្បូន(IVF) ​គឺជា​វិធី​ព្យាបាលបែបវិជ្ជាសាស្ត្រមួយបែបដែលជួយ​អោយស្ត្រីមានផ្ទៃពោះ ​តាមរយៈ​ការចាក់បញ្ចូលគ្នារវាងស៊ុតញី និងមេជីវិតឈ្មោលឲ្យជួបគ្នាដើម្បីក្លាយទៅជាអំប្រ៊ីយោ។ ដោយមាន5ដំណាក់កាលផ្សេងៗដូចខាងក្រោម៖

1. ការរំញោចស៊ុត(ពងញី)​: ស្ត្រីត្រូវចាក់ថ្នាំតាមចំនួនថ្ងៃ កំណត់របស់វេជ្ជបណ្ឌិតដើម្បីអោយស៊ុត(ពងញី)ទុំអាចបូមបាននៅក្នុងថ្ងៃទី14ដែលជាថ្ងៃធ្លាក់បែកស៊ុត(ពងញី)។

2. ការបូមយកស៊ុតៈ វេជ្ជបណ្ឌិតនិងធ្វើការបូមស៊ុតដែលទុំដើម្បីយកមកបង្កាត់ជាមួយមេជីវិតបុរសនៅខាងក្រៅ។

3. ការបង្កាត់ និងការបង្ករកំណើតៈ

  • នៅពេលដែលមេជីវិតឈ្មោលត្រូវបានទម្លាក់ចេញមកខាងក្រៅ អ្នកជំនាញនិងធ្វើការលាងសម្អាត រួចជ្រើសរើសយកមេជីវិតឈ្មោលដែលល្អដើម្បីយកមកដាក់រួមជាមួយស៊ុត ការលាយបញ្ចូលគ្នានៃស៊ុតនិងមេជីវិតឈ្មោលត្រូវបានហៅថាការបង្កាត់ពូជ ។
  • បន្ទាប់មកស៊ុតនិងមេជីវិតឈ្មោលត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវនៅក្នុងបន្ទប់នៃមន្ទីរពិសោធន៍ដើម្បីអោយវាបង្កកំណើតទៅជាអំប្រ៊ីយោ។

4. អំប្រ៊ីយោៈ

  • នៅពេលស៊ុតបង្ករកំណើតបានក្លាយជាអំប្រ៊ីយ៉ុង បុគ្គលិកមន្ទីរពិសោធន៍នឹងពិនិត្យជាប្រចាំដើម្បីប្រាកដថាវាលូតលាស់បានត្រឹមត្រូវក្នុងរយៈពេល5ថ្ងៃ។
  • គូស្វាមីភរិយាដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺហ្សែន(តំណរពូជ)ដល់កូនអាចធ្វើការពិចារណាលើការធ្វើរោគវិនិច្ឆ័យហ្សែនមុនការផ្សាំ​(PGD)។ជាទូទៅនីតិវិធីនេះត្រូវបានធ្វើនៅចន្លោះពី3ទៅ5ថ្ងៃបន្ទាប់ពីការបង្ករកំណើត។ បុគ្គលិកនៃមន្ទីរពិសោធន៍នឹងធ្វើការចាប់យកកោសិកាមួយផ្នែកនៃអំប្រ៊ីយោនោះដើម្បីយកទៅពិនិត្យរកជំងឺហ្សែន។

5. ការផ្ទេរអំប្រ៊ីយោៈ

  • អំប្រ៊ីយោនិងត្រូវបានដាក់បញ្ចូលទៅក្នុងស្បូនស្ត្រីវិញបន្ទាប់ពីយកស៊ុតទៅបង្ករកំណើត។

ការបង្ករកំណើតកូនក្រៅស្បូន(IVF)មិនត្រឹមតែជួយដល់អ្នកដែលលំបាកក្នុងការមានកូនប៉ុណ្ណោះទេ តែក៏អាចជួយដល់មាតា បិតាក្នុងការកំណត់ភេទ និងដឹងពីសុខភាពរបស់កូនបានផងដែរ។ ប្រសិនបើលោកអ្នកចង់ដឹងពត៌មានលំអិតអាចមកពិភាក្សាជាមួយអ្នកជំនាញរបស់មន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី ដោយផ្ទាល់បាន។