ខែ​កុម្ភៈ 16, 2024

តើអ្វីដែលគួរធ្វើ និងមិនគួរធ្វើក្នុងអំឡុងពេលពពោះត្រីមាសទី១

ត្រីមាសទី១

ត្រីមាសទីមួយនៃការមានផ្ទៃពោះរបស់អ្នកគឺដប់ពីរសប្ដារហ៍ដំបូងដែលអ្នកមានផ្ទៃពោះ។ វាជាពេលវេលាដ៏គួរអោយរំភើបមួយ ហើយអ្នកម្ដាយជាច្រើន ជាពិសេសអ្នកម្ដាយដំបូងគេប្រាកដជាឆ្ងល់ពីអ្វីដែលពួកគេគួរធ្វើ និងមិនគួរធ្វើក្នុងអំឡុងពេលនេះ។

មានរឿងមួយចំនួនដែលសំខាន់ក្នុងការជៀសវាងក្នុងអំឡុងពេលត្រីមាសដំបូងនៃការមានផ្ទៃពោះក៏ដូចជារឿងមួយចំនួនដែលអ្នកគួរធ្វើ។ ការធ្វើតាមជំហានងាយៗទាំងនេះអាចជួយធ្វើអោយប្រាកដថាអ្នក និងកូនរបស់អ្នកមានសុខភាពល្អពេញមួយអំឡុងពេលមានផ្ទៃពោះ។

អ្វីដែលត្រូវធ្វើក្នុងត្រីមាសទី១

មានរឿងមួយចំនួនដែលត្រូវធ្វើក្នុងត្រីមាសទី១នៃការមានផ្ទៃពោះ ការទទួល​ និងការថែទាំមុនសម្រាលពីវេជ្ជបណ្ឌិត ឬឆ្មបគឺមានសារៈសំខាន់។ ការធ្វើអោយប្រាកដថារាងកាយរបស់អ្នកទទួលបាន វីតាមីននិងសារធាតុចិញ្ចឹមទាំងអស់ដែលត្រូវការគឺជារឿងសំខាន់ផងដែរ។ ការរក្សាខ្លួនអ្នកអោយមានសុខភាពល្អ សម្រាកអោយបានល្អ គឺជារឿងសំខាន់ដែលត្រូវធ្វើក្នុងត្រីមាសទី១នៃការមានផ្ទៃពោះ។

ទៅជួបគ្រូពេទ្យ

រាងកាយរបស់អ្នកឆ្លងកាត់ការផ្លាស់ប្ដូរសំខាន់ៗមួយចំនួនក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់អ្នកគឺជាផ្ទះដំបូងរបស់កូនអ្នក ដូច្នេះវាសំខាន់ណាស់ដែលអ្នកត្រូវថែរក្សាខ្លួនអ្នកអោយបានល្អ។

គ្រូពេទ្យភាគច្រើនកំណត់ពេលទៅជួបលើកដំបូងនៅសប្តាហ៍ទី 8 នៃការមានផ្ទៃពោះរបស់អ្នក។ ការពិនិត្យលើកដំបូងរបស់អ្នកប្រហែលជាមានរយៈពេលប្រហែលមួយម៉ោង។ គ្រូពេទ្យរបស់អ្នក (ឬឆ្មប) នឹងសួរអំពីប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក ការមានផ្ទៃពោះពីមុន និងលក្ខខណ្ឌផ្សេងទៀតដែលអ្នកមាន។ ការពិនិត្យ​នេះ​ក៏​នឹង​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​តេស្ត​ឈាម ការ​ពិនិត្យ​រាង​កាយ និង​អាច​​ពិនិត្យ​មើល​អេកូផង​ដែរ ។

ទទួលទានវីតាមីនមុនពេលសម្រាល

វីតាមីនមុនពេលសម្រាល មិនដូចវីតាមីនចម្រុះប្រចាំថ្ងៃទេ។នៅពេលដែលអ្នកមានផ្ទៃពោះ ទារកក្នុងផ្ទៃរបស់អ្នកមានការលូតលាស់ខុសៗគ្នា។ទារកនៅក្នុងផ្ទៃរបស់អ្នកត្រូវការវីតាមីនបន្ថែមមួយចំនួនដើម្បីជំនួយសុខភាពផងដែរ។

វីតាមីនមុនពេលសម្រាលកូនរួមមានសារធាតុចិញ្ចឹមសំខាន់ៗរួមទាំងកាល់ស្យូម ជាតិដែក ស័ង្កសី និង folateដែលអ្នកត្រូវការ។ Folateមានសារៈសំខាន់ជាពិសេស ព្រោះវាជួយការពារជំងឺទូទៅមួយចំនួន។

លំហាត់ប្រាណ

វាជាការល្អក្នុងការធ្វើលំហាត់ប្រាណពេលអ្នកមានផ្ទៃពោះ។​មានអត្ថប្រយោជន៍ជាច្រើនក្នុងការធ្វើលំហាត់ប្រាណតាមរយៈត្រីមាស​ទី១នៃការមានផ្ទៃពោះរបស់អ្នកនិងលើសពីនេះ។ទាំងនេះរួមបញ្ចូលទាំង៖ ការថយចុះកម្រិតនៃភាពតានតឹង អារម្មណ៍មានតុល្យភាពជាងមុន គ្រប់គ្រងការឡើងទម្ងន់ បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានគភ៌ និងកាត់បន្ថយដល់ការគេងមិនលក់។

ញុំាអាហារដែលអោយមានសុខភាពល្អ

របបអាហារដែលមានសុខភាពល្អអាចផ្ដល់អោយអ្នកនិងទារកដែលកំពុងលូតលាស់របស់អ្នកជាមួយនឹងមូលដ្ឋានអាហារូបត្ថម្ភដ៏ល្អដែលវីតាមីនមានផ្ទៃពោះរបស់អ្នកបង្កើតបាន។ តាមការសិក្សាបានបង្ហាញថា ការប៉ះពាល់នឹងរសជាតិជាច្រើនតាមរយៈសារធាតុរាវ amnioticរបស់ម្ដាយអាចកំណត់ទារកអោយក្លាយជាអ្នកញុំាដ៏ល្អរហូតដល់កុមារភាពផងដែរ។ អាហារសុខភាពរួមមាន៖

-​​ បន្លែ៖ បន្លែដែលសម្បូរវីតាមីនAនិងប៉ូតាស្យូមមានដូចជា បន្លែស្លឹកពណ៌បៃតង ប៉េងប៉ោះ ដំឡូងជ្វា និងការ៉ុត។

– ប្រូតេអ៊ីន៖ ប្រភពប្រូតេអ៊ីនដ៏អស្ចារ្យរួមមាន សាច់គោគ្មានខ្លាញ់ សាច់ជ្រូក សាច់ចៀម តៅហ៊ូ ត្រី និងសណ្ដែក។

– ផ្លែឈើ៖ ជាមួយនឹងអត្ថប្រយោជន៍នៃជាតិទឹក ជាតិសរសៃល្អ និង​វីតាមីនCមានដូចជាផ្លែក្រូច ឪឡឹក ស្វាយ ចេក ប៉ោម និងផ្លែapricotsគឺជាជម្រើសដ៏ល្អ។

– ទឹកដោះគោ៖ ការទទួលទានទឹកដោះគោដែលមានជាតិខ្លាញ់ និងផលិតផលទឹកដោះគោជូរផ្ដល់នូវកាល់ស្យូម ប៉ូតាស្យូម និងវីតាមីន។

– គ្រាប់ធញ្ញជាតិ៖ សម្បូរទៅដោយជាតិដែក និង អាស៊ីតហ្វូលិកក៏ដូចជាជាតិសរសៃដែលមានសុខភាពល្អ គ្រាប់ធញ្ញជាតិទាំងមូលគឺជាផ្នែកសំខាន់នៃរបបអាហារសម្រាប់អ្នកមានផ្ទៃពោះ។

រក្សាជាតិទឹក

ការរក្សាជាតិទឹកក្នុងអំឡុងសប្ដាហ៍ដំបូងនេះអាចជួយអ្នកការពាររោគសញ្ញាមិនល្អជាច្រើនរួមទាំង វិលមុខ គ្រួសក្នុងតម្រងនោម ទល់លាមមក ឈឺក្បាល និងសូម្បីតែការសម្រាលកូនមិនគ្រប់ខែ។

ប្រសិនបើអ្នកកំពុងជួបប្រទះ ការចាញ់កូន រោគសញ្ញាទូទៅនៃត្រីមាសទី 1  អ្នកអាចបាត់បង់សារធាតុរាវប្រសិនបើអ្នកក្អួត។ ប្រសិនបើអាចធ្វើបាន សូមជំនួសសារធាតុរាវដែលបាត់បង់នេះដោយផឹកទឹកបន្ថែម។ ប្រសិនបើអ្នកពិបាករក្សាសារធាតុរាវក្នុងរយៈពេលយូរ សូមទៅជួបជាមួយគ្រូពេទ្យ។

ចាក់វ៉ាក់សាំងផ្ដាសាយ

ជំងឺគ្រុនផ្ដាសាយអាចបង្កគ្រោះថ្នាក់ដល់ទារកដែលកំពុងលូតលាស់ ហើយប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូងនិងសួតរបស់ម្ដាយអំឡុងពេលមានផ្ទៃពោះ។ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្ដាសាយគឺមានសុវត្ថិភាពក្នុងអំឡុងពេលមានផ្ទៃពោះហើយជាវិធីងាយស្រួលក្នុងការការពារខ្លួនឯងនិងកូនរបស់អ្នក។

គេងអោយបានគ្រប់គ្រាន់

ទោះបីជាអ្នកប្រហែលជាមិនទាន់ឃើញក្បាលពោះរបស់អ្នកធំនៅឡើយក៏ដោយ ប៉ុន្តែរាងកាយរបស់អ្នកកំពុងធ្វើការផ្លាស់ប្តូរសំខាន់ៗដើម្បីបង្កើតប្រព័ន្ធរីកលូតលាស់របស់កូនអ្នក។ មនុស្សជាច្រើនមានអារម្មណ៍ហត់នឿយជាពិសេសក្នុងអំឡុងពេលត្រីមាសទី 1 នៃការមានផ្ទៃពោះ។ វាមានសារៈសំខាន់ណាស់ក្នុង ការគេង អោយបានច្រើន នៅពេលយប់តាមដែលអ្នកអាចធ្វើបាន។ ការ​កំណត់​ពេល​គេង ឬ​សម្រាក​ពេល​រសៀល​ក៏​មាន​ប្រយោជន៍ផង​ដែរ។

អ្វីដែលមិនគួរធ្វើក្នុងអំឡុងពេលត្រីមាសទី១

កុំផឹកស្រា

​ការផឹកជាតិអាល់កុលក្នុងអំឡុងពេលមានផ្ទៃពោះអាចបណ្ដាលអោយកូនកើតជំងឺ Fetal Alcohol Syndrome។

ជាតិអាល់កុល អាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ខួរក្បាលទារកនៅពេលវាចាប់ផ្តើមអភិវឌ្ឍ។ ជាពិសេសក្នុងអំឡុងពេលត្រីមាសទី 1 មិនមានបរិមាណណានៃជាតិអាល់កុលដែលត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពនោះទេ។​

កុំជក់បារី

ការជក់បារី គ្រប់ពេល អំឡុងពេលមានផ្ទៃពោះ ធ្វើអោយអ្នកប្រឈមនឹងហានិភ័យខ្ពស់ក្នុង ការរលូតកូន ក៏ដូចជាធ្វើអោយកូនរបស់អ្នកមានហានិភ័យខ្ពស់នៃពិការភាពពីកំណើត ការកើតមិនគ្រប់ខែ ទម្ងន់កំណើតទាប ។

កុំផឹកកាហ្វេអ៊ីន (ច្រើនពេក)

ការទទួលទានជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ តែ សូកូឡា និងភេសជ្ជៈប៉ូវកម្លាំងដែលមានសារធាតុ diureticរួមផ្សំ​អាចធ្វើអោយអ្នកនោមច្រើន នោះអាចនាំអោយ មានការខះជាតិទឹក ។ ជាតិកាហ្វេអ៊ីនក៏អាចបង្កើនចង្វាក់បេះដូង និង សម្ពាធឈាម របស់អ្នកផងដែរ ដែលទាំងពីរមុខនេះអាចមានគ្រោះថ្នាក់ដល់អ្នក និងទារកដែលកំពុងលូតលាស់របស់អ្នកនៅពេលអ្នកមានផ្ទៃពោះ។

អ្នកជំនាញយល់ស្របថា ជាតិកាហ្វេអ៊ីនដែលអ្នកទទួលទានកាន់តែតិច គឺកាន់តែមានសុវត្ថិភាព។ គោលបំណងសម្រាប់ការទទួលទានប្រចាំថ្ងៃមិនលើសពី 150 មីលីក្រាម (ដែលប្រហែលមួយពែងនៃកាហ្វេ ឬបីពែងនៃតែបៃតង ឬតែខ្មៅ) ត្រូវបានចាត់ទុកថាមានសុវត្ថិភាព។

កុំបរិភោគអាហារមានគ្រោះថ្នាក់

មានអាហារមួយចំនួនដែលអ្នកគួរជៀសវាងអំឡុងពេលមានផ្ទៃពោះរួមទាំងនៅក្នុងត្រីមាសទីមួយផងដែរ ក្នុងនោះរួមមាន៖

– សាច់ អាហារសមុទ្រ ឬស៊ុតដែលឆៅ ឬចម្អិនមិនឆ្អិនល្អ

– អាហារបង្កក​ និងសាច់កែច្នៃ

– អាហារដែលចម្អិនតាមរបៀបអប់ផ្សែង

-​ បន្លែ ឬផ្លែឈើដែលមិនទាន់លាង

កុំធ្វើនៅសកម្មភាពប្រថុយប្រថាន

សកម្មភាពមួយចំនួនដែលត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ក្នុងអំឡុងពេលមានផ្ទៃពោះ (រួមទាំងអំឡុងពេលត្រីមាសទី១)រួមមាន៖

​-​ ព្យាយាមបញ្ចុះទម្ងន់ ឬតមអាហារ៖ ទារកដែលកំពុងលូតលាស់ត្រូវការ ការឡូរីច្រើនដើម្បីលូតលាស់បានត្រឹមត្រូវ។

– ការសូណា ឬត្រាំក្នុងអាងទឹកក្ដៅ៖ ទារកអាចមានពិការភាពពីកំណើត ឬអ្នកអាចនិងរលូតកូនបាន ប្រសិនបើសីតុណ្ហភាពរាងកាយរបស់អ្នកឡើងខ្ពស់ពេក។

– ការចាក់សាក់៖​ ការចាក់សាក់មានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ (រួមទាំង ជំងឺរលាកថ្លើមប្រភេទB ឬមេរោគអេដស៍) ហើយវាអាចប៉ះពាល់ដល់ការលូតលាស់ និងសុខភាពរបស់កូនផងដែរ។

– លេងកីឡាប្រភេទធ្ងន់៖ ការលេងកីឡាជាការល្អ ប៉ុន្ដែបើអ្នកលេងកីឡាប្រភេទធ្ងន់អាចមានគ្រោះថ្នាក់ដល់កូនរបស់អ្នកបាន។ កីឡាប្រភេទធ្ងន់រួមមាន កីឡាកាយសម្ព័ន ជិះទូក ជិះកង់ ជិះស្គី យូហ្គាក្ដៅ ក្បាច់គុណ វាយកូនហ្គោល ជិះសេះ ប្រដាល់ បាល់បោះ បាល់ទះ។ល។

ដកស្រង់ និងបកប្រែអត្ថបទពីវេបសាយ MedicineNet