ខែ​ធ្នូ 28, 2023

ការចាក់បញ្ចូលមេជីវិតទៅក្នុងស្បូន

ការចាក់បញ្ចូលមេជីវិតទៅក្នុងស្បូន ឬIntrauterine insemination (IUI) គឺជាការចាក់បញ្ចូលមេជីវិតឈ្មោលដែលបានធ្វើការលាងសម្អាតរួចរាល់ទៅក្នុងស្បូនរបស់ស្ត្រីនៅថ្ងៃដែលធ្លាក់ពងញីតាមការកំណត់របស់គ្រូពេទ្យ។ ជាមួយនឹងការធ្វើIUIមេជីវិតឈ្មោលមានចម្ងាយជិតជាងក្នុងការធ្វើដំណើរទៅដល់ពងញីជាងការរួមភេទ។

តើត្រូវធ្វើអ្វីខ្លះមុនពេលចាក់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន?

មុនពេលមានការចាក់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូនបាន គ្រូពេទ្យជំនាញនិងតម្រូវឲ្យមានការពិនិត្យសុខភាពចំពោះគូស្វាមី ភរិយាដែលមានបំណងក្នុងការធ្វើIUIជាមុនសិន។

ជាទូទៅស្ត្រីនឹងត្រូវពិនិត្យទៅលើអ័រមូន សុខភាពស្បូន និងការបញ្ចេញពងញី

  • អ័រមូនរបស់ស្ត្រីដើរតួនាទីសំខាន់ក្នុងការបម្រែបម្រួលនៃសុខភាពទាំងមូល
  • សុខភាពស្បូនក៏ជាកត្តាដែលបណ្ដាលឲ្យស្ត្រីពិបាកក្នុងការមានកូនដែរ ដូច្នេះហើយវេជ្ជបណ្ឌិតនិងធ្វើការពិនិត្យស្បូនតាមរយៈអេកូសាស្ត្រដើម្បីស្វែងរកថាតើស្បូនរបស់ស្ត្រីមានទម្រង់យ៉ាងដូចម្ដេចដែរ (ស្បូនមានការបត់ទៅខាងមុខ រឺខាងក្រោយ) មានទំហំប៉ុណ្ណា ដៃស្បូនទាំងសងខាងមានបញ្ហាដែរឬទេ តើមានចំនួនពងញីប៉ុន្មានគ្រាប់។
  • វេជ្ជបណ្ឌិតនិងធ្វើការពិនិត្យពងញីរបស់ស្ត្រីថាតើ ពងញីនោះមានទំហំប៉ុណ្ណា ទុំដែរឬទេ ?​

មួយចំណុចទៀតសម្រាប់ស្ត្រីត្រូវតែដឹងនោះគឺជំងឺរលាកមាត់ស្បូន ការរលាកមាត់ស្បូននេះគឺបណ្ដាលមកពីការឆ្លងមេរោគតាមរយៈការរួមភេទ ដែលនាំឲ្យមាត់ស្បូនស្អិតមិនអាចបង្ករកំណើតបាន ហើយការស្អិតដែលមិនអាចបង្ករកំណើតនេះ ក៏អាចជាដោយខ្លួនឯងដែរ ប៉ុន្តែបន្ទាប់ពីជាដោយខ្លួនឯងមេរោគនោះអាចឆ្លងឡើងទៅដល់ដៃស្បូនដោយស្ត្រីមិនបានដឹង  ហើយនៅពេលដែលស្ត្រីមានកូនអាចបង្ករឲ្យទៅជាកូននៅក្រៅស្បូន។ទាំងនេះហើយជាបញ្ហាដែលស្ត្រីគួរតែសំរេចចិត្តពិនិត្យសុខភាពមុនពេលធ្វើការយកកូន។

ចំពោះបុរសត្រូវពិនិត្យសុខភាពដើម្បីរកមើលមេរោគឆ្លងតាមរយៈការពិនិត្យឈាមនិងមេជីវិត

  • ​​ការពិនិត្យឈាមចំពោះបុរសគឺដើម្បីរកមើលថាមានមេរោគឆ្លងនៅក្នុងឈាមដែរឬទេ
  • ការពិនិត្យមេជីវិតគឺត្រូវមើលទៅលើចំនួន រូបរាង និងចលនារបស់មេជីវិតឈ្មោល

តើពេលណាដែលគួរទៅស្វែងរកការព្យាបាលដោយIUI?

  • ស្ត្រីដែលមានអាយុតិចជាង35ឆ្នាំរស់នៅជាមួយស្វាមីរបស់គាត់រយៈពេល1ឆ្នាំហើយនៅតែមិនមានផ្ទៃពោះដោយគ្មានការ ការពារអ្វីទាំងអស់ នោះយើងចាត់ទុកគាត់ថាជាស្ត្រីដែលលំបាកក្នុងការមានកូន។
  • ​ស្ត្រីដែលមានអាយុលើសពី35ឆ្នាំ ហើយរស់នៅជាមួយស្វាមីរបស់គាត់រយៈពេល6ខែដោយគ្មានការ ការពារអ្វីទាំងអស់ នោះយើងចាត់ទុកគាត់ថាជាស្ត្រីដែលលំបាកក្នុងការមានកូន ដែលទាមទារអោយគាត់មកធ្វើការពិនិត្យសុខភាពដើម្បីទទួលបានការព្យាបាលអោយបានត្រឹមត្រូវ។

IUIមិនត្រូវបានណែនាំសម្រាប់អ្នកជំងឺដូចខាងក្រោម៖

  • ស្ត្រីដែលមានជំងឺដៃស្បូនធ្ងន់ធ្ងរ
  • ស្ត្រីដែលមានប្រវត្តិឆ្លងមេរោគក្នុងអាងត្រគាក
  • ស្ត្រីដែលមានជំងឺដុំសាច់​(Endometriosis) កម្រិតមធ្យមទៅធ្ងន់ធ្ងរ

អត្រាជោគជ័យនៃការធ្វើIUI

អត្រាជោគជ័យនៃការចាក់បញ្ចូលមេជីវិតទៅក្នុងស្បូន(IUI)គឺមានទាបជាង20%ដែលស្ថិតក្នុងលក្ខខណ្ឌមេជីវិតឈ្មោលនិងដៃស្បូនស្ត្រីមានសុខភាពល្អ។

***ចំពោះស្ត្រីដែលមានអាយុលើសពី35ឆ្នាំគ្រូពេទ្យមិនធ្វើការណែនាំអោយប្រើប្រាស់សេវាកម្មចាក់បញ្ចូលមេជីវិតឈ្មោលនោះទេ។ឬ​ករណីបុរសមានចំនួនមេជីវិតតិច​ជាង​១០​លាន​ក្នុងមួយមីលីលីត្រ។