ខែ​មករា 8, 2024

ការមានកូនក្រៅស្បូន

ការមានកូនក្រៅស្បូន ឬ គភ៌ក្រៅស្បូន ជាប្រភេទគភ៌ដែលតោងនៅខាងក្រៅនៃតួស្បូន (ជាធម្មតា គភ៌តោងនៅខាងក្នុងតួស្បូន)។ កូនក្រៅស្បូនគឺជាការវិវត្តន៍របស់ស៊ុតដែលបានបង្កកំណើតរួចហើយធ្វើការលូតលាស់នៅខាងក្រៅតួស្បូន កូនក្រៅស្បូនអាចនិងបណ្តាលអោយប៉ះពាល់ដល់សុខភាពនិងអាយុជីវិតស្ត្រីជាម្តាយ ឬមានផលវិបាកចំពោះសុខភាព និងការមានកូនទៅថ្ងៃអនាគត បើសិនជាមិនបានទទួលការពិនិត្យតាមដាននិងព្យាបាលបានទាន់ពេលវេលា។

រោគសញ្ញា

ដំបូងឡើយអ្នកប្រហែលជាមិនសម្គាល់ឃើញនូវរោគសញ្ញាអ្វីឡើយ ទោះជាយ៉ាងណាក៏ដោយស្ត្រីមួយចំនួនដែលមានកូនក្រៅស្បូនអាចមានអាការៈដូចទៅនឹងការមានផ្ទៃពោះធម្មតា៖ បាត់រដូវ តឹងណែនដើមទ្រូង ក្អូតចង្អោរ​ អស់កម្លាំង នោមញឹកញាប់ហើយនៅពេលដែលយើងធ្វើតេស្តលិទ្ធផលនិងចេញមកវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ការ​មានកូនក្រៅស្បូនមិនអាចបន្តដូចធម្មតាបានទេ នៅពេលដែលស៊ុតបង្កកំណើតលូតលាស់នៅកន្លែងមិនត្រឹមត្រូវរោគសញ្ញាកាន់តែគួរឲ្យកត់សម្គាល់។

រោគសញ្ញាដំបូងនៃការមានកូនក្រៅស្បូន៖

ជារឿយៗសញ្ញាដំបូងនៃការមានកូនក្រៅស្បូនមានអាការៈដូចជា៖

  • ហូរឈាមតិចឬច្រើនតាមទ្វារមាស
  • ឈឺចាប់នៅផ្នែកខាងក្រោមនៃឆ្អឹងខ្នង
  • ការឈឺចាប់ក្នុងពោះ ឬអាងត្រគាក

ប្រសិនបើអ្នកមានអាការៈដូចខាងលើ អ្នកគួរតែទៅជួបនិងពិនិត្យជាមួយគ្រូពេទ្យ។

រោគសញ្ញាធ្ងន់ធ្ងរ៖

នៅពេលដែលកូនរីកធំ វាអាចមានការដាច់រហែកនៃដៃស្បូន បន្ទាប់មកអ្នកអាចមានសញ្ញាធ្ងន់ធ្ងរជាងមុនដែលអាការៈទាំងនេះរួមមាន៖

  • ការឈឺចាប់ខ្លាំងនៅក្នុងពោះឬអាងត្រគាក
  • ឈឺស្មាឬរោយ កខ្លាំង
  • មានអារម្មណ៍ខ្សោយ វិលមុខ ឬដួលសន្លប់

ប្រសិនបើអ្នកមានអាការៈទាំងនេះសូមទៅជួបគ្រូពេទ្យជាបន្ទាន់។

ទីកន្លែងដែលកូនក្រៅស្បូនអាចកើតមាន៖

ទីតាំងទូទៅបំផុតសម្រាប់ការមានកូនក្រៅស្បូនគឺនៅនិងដៃស្បូនដែលមានភាគរយច្រើនបំផុត តែក៏មានករណីដែលអាចកើតឡើងនៅក្នុងអូវែ ពោះ ឬនៅនឹងមាត់ស្បូនផងដែរ។

កត្តាដែលបណ្ដាលអោយមានកូនក្រៅស្បូន

ការមានកូនក្រៅស្បូនគឺតែងតែមិនច្បាស់លាស់នោះទេ ក្នុងករណីខ្លះលក្ខខណ្ឌខាងក្រោមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមានកូនក្រៅស្បូន៖

  • មានអាយុលើសពី35ឆ្នាំ
  • ធ្លាប់មានការឆ្លងមេរោគ(ដូចជារលាកអាងត្រគាក) ឬការវះកាត់នៅតំបន់អាងត្រគាក
  • ធ្លាប់មានជំងឺឆ្លងតាមរយៈការរួមភេទ(ជំងឺរលាកដៃស្បូន)
  • មានជំងឺEndometriosis
  • ធ្លាប់មានកូនក្រៅស្បូនពីមុន
  • ធ្លាប់រំលូតកូន
  • ការជក់បារី
  • ភាពមិនប្រក្រតីនៃដៃស្បូន និងស្បូន
  • ធ្លាប់មានជំងឺកាមរោគ(STDs)ដូចជាប្រមេះទឹកបាយ ឬជំងឺChlamydia

ការព្យាបាល

កូនក្រៅស្បូនមិនអាចលូតលាស់ធំនៅខាងក្រៅស្បូនបានទេ ដើម្បីចៀសវាងការមានគ្រោះថ្នាក់ដល់ជីវិតម្ដាយ យើងត្រូវតែធ្វើការព្យាបាលដោយ៖

  • គ្រូពេទ្យនិងធ្វើការប្រើប្រាស់ថ្នាំ(Methotrexate) ដើម្បីបញ្ឈប់ការលូតលាស់របស់ស៊ុត និងរំលាយកោសិកានោះ ក្នុងករណីកោសិកាកូននៅតូចប៉ុណ្ណោះ
  • គ្រូពេទ្យនឹងធ្វើការវះកាត់ក្នុងករណីហូរឈាមខ្លាំងដែលបណ្ដាលមកពីការដាច់រហែកដៃស្បូន និងរកឃើញកូនក្រៅស្បូនយឺតពេល ដែលមិនអាចប្រើប្រាស់ថ្នាំដើម្បីព្យាបាលបាន។

ការការពារ
យើងមិនអាចធ្វើការការពារកុំឲ្យមានកូនក្រៅស្បូនបាននោះទេ ប៉ុន្តែយើងអាចកាត់បន្ថយកត្តាដែលបង្កឲ្យមានកូនក្រៅស្បូនបានដូចជាឈប់ជក់បារី កាត់បន្ថយចំនួនដៃគូរួមភេទ និងប្រើប្រាស់ស្រោមអនាម័យ​ ដើម្បីការពារកុំឲ្យមានការឆ្លងរោគ (sexually transmitted infections) និងកាត់បន្ថយមូលហេតុនៃជំងឺរលាកអាងត្រគាក ( pelvic inflammatory disease)។


***ស្ត្រីភាគច្រើនដែលធ្លាប់មានគភ៌ក្រៅក្បូន អាចមានលទ្ធភាពមានកូនធម្មតា ក្រោយពេលទទួលការព្យាបាលដោយត្រឹមត្រូវ។ហើយនៅពេលកំពុងមានផ្ទៃពោះស្ត្រីត្រូវតែធ្វើការពិនិត្យតាមដានសុខភាពរបស់ខ្លួននិងកូនឲ្យបានទៀងទាត់ពេលវេលាដើម្បីរក្សានិងការពារហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។